វេទិកា៖ កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៖ ការរៀនសូត្រ សមិទ្ធផល និងទិសដៅបន្ត (ISD Forum 2025)

ព័ត៌មាននៅថ្នាក់ក្រុង
ធ្នូ ០២ ២០២៥
១៦
https://cms.krongkampongcham.gov.kh/uploads/topics/17646883436094.jpg
នៅព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥
ក្រុងកំពង់ចាម ៖

       លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ បានដឹកនាំលោកស្រីប្រធាន​ គ.ក.ស.ក​ លោក​ លោក​ស្រី​ នាយក​ នាយករងរដ្ឋបាលក្រុង​ និងប្រធានការិយាល័យពាក់ព័ន្ធ​ ចូលរួមវេទិកាបង្ហាញ​ អំពីសមិទ្ធផលរបស់កម្មវិធីធ្វេីឱ្យប្រសេីរឡេីងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
នៅក្នុងប្រទេសកម្ពុជា(វេទិកា ​ISD  ឆ្នាំ២០២៥)​ តាមប្រព័ន្ធZoom​។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ សក់​ សេដ្ឋា​ ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស​ និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.អ.ប​ និងបិទកម្មវិធី ដោយមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្រុមការងារ GIZ សរុបប្រមាណ ២២៥រូប និងមានការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) របស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តទាំង២១ សរុបប្រមាណ ១០០៨រូប ។

          វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម តម្រូវការអទិភាព ការចែករំលែកមេរៀន បទពិសោធ ការឆ្លុះបញ្ចាំង និងការសន្ទនាគ្នាពាក់ព័ន្ធនឹងកំណែទម្រង់អភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធី ISD ដំណាក់កាលទី១ (ចាប់ខែមីនា ឆ្នាំ២០២២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥) និងផែនការអនុវត្តកម្មវិធី ISD ដំណាក់កាលទី២ នៅដើមឆ្នាំ២០២៦  ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ជាអាទិ៍ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិដែលជាអ្នករៀបចំគោលនយោបាយ តំណាងរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តគោលដៅ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលជាប្រតិបត្តិករ ផ្ទាល់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាក្នុងការចូលរួមចំណែកគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

         ឆ្លៀតក្នុងឱកាសនេះដែរ តាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋន្ត្រី បានគូសបញ្ជាក់ផងដែលថា៖ ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមកនេះ ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. រួមជាមួយនឹងកិច្ចសហការ ការគាំទ្រនិងការចូលរួមពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន  និងសាធារណជនបានជំរុញឱ្យ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនេះមានការវិវត្តកាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាស្របតាមផែនការ តាមដំណាក់កាលនីមួយៗ ដែលគិតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តបញ្ចប់ដោយជោគជ័យ នូវកម្មវិធីជាតិដំណាក់កាលទី១ (២០១០-២០២០)។ នាពេលនេះយើង កំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ហើយក៏ជាឆ្នាំដែលយើងត្រូវរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ (២០២៦-២០៣០)។ ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិតាមដំណាក់កាលនីមួយៗកន្លងមកនេះ បានបង្កើតនូវសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមជាអាទិ៍ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ នីតិវិធីផ្តល់សេវា យន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទ និងដោះស្រាយបណ្តឹងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ។ ទន្ទឹមគ្នានេះ សិទ្ធិអំណាច មុខងារតាមវិស័យនានា រួមទាំងធនធនមនុស្សនិងធនធានហិរញ្ញវត្ថុក៏បានផ្ទេរជាបណ្តើរៗទៅឱ្យ
រដ្ឋបាលថ្នាក់ក្រោមជាតិដោយបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមាន
លទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែចំគោលដៅ ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd