រមណីយដ្ឋានទឹកឆា គឺជារមណីយដ្ឋានមួយដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាម ដោយសារជាបឹងធម្មជាតិមួយដ៏ធំ មានប្រភពទឹកផុសពីក្នុងដី ដែលអាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រមណីយដ្ឋានធម្មជាតិទឹកឆា ជាសក្ដានុពលដ៏ទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយអាចមកលេងកម្សាន្តនិងស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរពីបុរាណកាល ដោយសារតែ តំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក មានព្រែកធំៗជាច្រើន ហូរចាក់ ដូចជាព្រែកកំពង់សា ជាដើម ។
លោកបានបន្តថា មន្ទីរទេសចរណ៍ខេត្ត បានខិតខំប្រឹងប្រែងរៀបចំ កែលម្អតំបន់ទឹកឆា ដែលមានទឹកផុសពីធម្មជាតិស្រាប់នេះ ឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្ត ដោយមានរៀបចំជាកន្លែងលក់ម្ហូបអាហារ ក្ចុសអង្គុយលេង ជាដើម ។ ហើយបច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិនេះ ក៏ត្រូវបានអាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនវិនិយោគ ដើម្បីបង្កើនការអភិវឌ្ឍឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ។ « រមណីយដ្ឋានទឹកឆា គឺបាននិងកំពុងបន្ដអភិវឌ្ឍបន្ថែម ហើយណាមួយរមណីយដ្ឋាននេះគឺអាចនិយាយបានថាជារមណីយដ្ឋាន ដែលលេចធ្លោជាងគេនៅក្នុងខេត្ត ដោយនៅតាមផ្លូវចូលគឺមានប្រាសាទបុរាណ តែភាគច្រើនភ្ញៀវគឺតែងតែនិយមទៅដល់រមណីយដ្ឋានទឹកឆាតែម្តង ដែលមានចម្ងាយពីប្រាសាទបុរាណដល់ក្បាលហុងទឹកឆានោះ មានចម្ងាយប្រហែល២គីឡូម៉ែត្រ ។ សម្រាប់ផ្លូវធ្វើដំណើរចូលពីព្រៃទទឹងទៅនោះ គឺផ្លូវកៅស៊ូ ផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរ ហើយឥឡូវនេះ មានការអភិវឌ្ឍនិងប្រែប្រួលស្អាតច្រើនជាងមុនណាស់ ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរទៅម្ដងហើយចង់ទៅម្ដងទៀត » ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក៏បានស្នើដល់ភ្ញៀវទេសចរដែលទៅលេងកម្សាន្តទាំងអស់ សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសំរាម និងកាកសំណល់របស់ខ្លួន ពោលគឺសូមវេចខ្ចប់ និងទុកដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងធ្លាក់ចូលទៅក្នុងទឹក ដែលនាំទៅដល់ការធ្វើឱ្យខូចសោភ័ណភាពទឹកនៅទីនោះ ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកឆា មានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម និងពីរាជធានីភ្នំពេញ (វត្តភ្នំ) ប្រមាណ១១២គីឡូម៉ែត្រ បត់ចេញពីផ្លូវជាតិលេខ៧ ត្រង់ផ្សារព្រៃទទឹង ៕
ចែករំលែកបន្ត ៖
+(855) 76 429 4996
kampongchammunicipality@gmail.com
ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា
សហការរៀបចំដោយ៖