https://cms.krongkampongcham.gov.kh/uploads/topics/17549535855997.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៤១

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
-----------========--------

          មានករណីអគ្គីភ័យមួយបានឆាបឆេះឡើង ស្ថិតនៅក្នុងសង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ ល្វែង រងការខូចខាត និងបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ប៉ុន្តែមិនបណ្តាលឲ្យរងរបួស ឬប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ 

          ក្រោមកិច្ចអន្តរាគមន៍ដោយផ្ទាល់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំ អាជ្ញាធរ និងសមត្ថកិច្ចជំនាញចុះធ្វើការពន្លត់អគ្គីភ័យខាងលើ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ត្រឹមម៉ោង ១៧:៣០នាទី។ 

         ក្នុងឱកាសនោះដែរ  ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់សមត្ថកិច្ច​ អាជ្ញាធរ​ និងបងប្អូនប្រជាពលរដ្ឋក្បែរខាងគ្នាបានចូលរួមសហការក្នុងការពន្លត់អគ្គីភ័យនេះដោយប្រកបជោគជ័យ។ 

១២ សីហា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17567999188419.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៤

ឯកឧត្តមអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ ក្នុងសង្កាត់សំបួរមាស

នៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៥
--------====----------
        លោក ជឹម លាភី អភិបាលរងនៃគណៈអភិបាលក្រុង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាមួយមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូ,ន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណា ពង្រីកសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត និងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឲ្យបាននូវខ្សែក្រវាត់ជ័យលាភី "ទីក្រុងស្អាត រំដួល៣ទង" ដែលយើងធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕ 

០២ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17569102799759.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៣

កិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ​៧​ និងរៀបចំប្រព័ន្ធសុវត្ថិភាព​ ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ "ជើងគោ" ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥
---------========---------

             លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមកិច្ចប្រជុំ​វឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ​៧​ និងរៀបចំប្រព័ន្ធសុវត្ថិភាព​ ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ "ជើងគោ" ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ ។ សូមបញ្ជាក់ផងដែរថា ផ្កាខាងលើ ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
             នាឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងបរិស្ថាន។ 

             ឯកឧត្តម អភិបាលខេត្ត បន្តថា យើងក៏មានផែនការ រួចហើយដែរ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ "មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម។  សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។

             ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានពុះពារ សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញឲ្យការស្ថាបនាផ្លូវជាតិលេខ៧ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដែលគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ។

              ឯកឧត្តម ប្រធានគម្រោង បានថ្លែងបន្តទាំងទឹកមុខញញឹមថា សូមចូលរួមអបអរ ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលមានអភិបាលខេត្ត ប្រកបដោយ ថាមពល៕

០៣ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17569112197415.jpg

ព័ត៌មានថ្នាក់ខេត្ដ

៦១

កិច្ចពិភាក្សាការអនុវត្តគម្រោងការងារស្ថាបនា និងរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័នជុំវិញកំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក នៅក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥
-------====------

         លោក ​ជឹម​ លាភី​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ អមដំណេីរជាមួយលោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចពិភាក្សាការអនុវត្តគម្រោងការងារស្ថាបនា និងរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័នជុំវិញកំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក នៅក្រុងកំពង់ចាម និងបានចុះពិនិត្យមើលទីតាំងជាក់ស្តែង ដោយមានការចូលរួមពីប្រតិភូតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងស្នងការនគរបាលខេត្ត អាជ្ញាធរក្រុង ប្រធាន និងតំណាងមន្ទីរ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

០៣ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17576062428505.jpg

ព័ត៌មានថ្នាក់ខេត្ដ

៦៥

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥
---------==========------------
    
          លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម ដោយមានការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។ កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រី្តក្រសួងទេសចរណ៍។
           ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្ថិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ក្នុងពិធីដើរដោយថ្មើរជើងនេះ មានអ្នកចូលរួម ចំនួន១០០០នាក់ សមាសភាព អ្នកចូលរួម ឯកឧត្តម អភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋមន្រី្តក្រសួងទេសចរណ៍ មន្រ្តីរាជការជុំវិញខេត្ត សិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២០០អង្គ។
           ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឲ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ។

១១ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17578619927024.jpg

ព័ត៌មានថ្នាក់ខេត្ដ

៦២

ប្រជុំពិភាក្សាអំពីការបើកការដ្ឋានគម្រោងការងារស្ថាបនាកំពង់ផែទេសចរណ៍ដែកបណ្តែតទឹក នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ 
----------======-----------

             លោក ជឹម លាភី អភិបាលរងក្រុងកំពង់ចាម បានដឹកនំាលោក លោកស្រីចៅសង្កាត់ទាំងបួនក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបើកការដ្ឋានគម្រោងការងារស្ថាបនាកំពង់ផែទេសចរណ៍ដែកបណ្តែតទឹក នៅក្នុងក្រុងកំពង់ចាម នៃខេត្តកំពង់ចាម  ក្រោមអធិបតីភាពឯកឧត្តម ផេន​ សុផល និងឯកឧត្តម  ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ នៅសាលាខេត្តកំពង់ចាម ដែលកម្មវិធីនឹងប្រារព្ធធ្វើនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ 

១៤ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17580147135667.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៥

ឯកឧត្តម យឹម ឆៃលី និងលោកជំទាវ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន នាំយទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម

នាថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥
---------======---------

            លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំមន្រ្តីរាជការ និងចៅសង្កាត់ទាំងបួនក្នុងក្រុងកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម យឹម ឆៃលី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម  អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃកាន់បិណ្ឌ វេន១០ ស្ថិតនៅមណ្ឌលអភិរក្ស សួនក្រញូងនគរបាជ័យ ដើម្បី ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្ដាន  និងវរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី៕

១៦ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17580153603993.jpg

ព័ត៌មានថ្នាក់ខេត្ដ

៨៦

កិច្ចប្រជុំ​ពិនិត្យ​ ពិភាក្សាការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព៍ន្ធបន្ថែមថ្មីក្នុងក្រុងកំពង់ចាម

នៅថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥
----------======---------

          លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមកិច្ចប្រជុំ​ពិនិត្យ​ និងពិភាក្សាលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព៍ន្ធបន្ថែមថ្មីក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

១៦ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17594132504781.jpg

ព័ត៌មានថ្នាក់ខេត្ដ

៦៥

ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥
--------=====----------
ខេត្តកំពង់ចាម ៖

          លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និង លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក ដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ដល់ក្រសួងសាធារណៈការ និងក្រសួងទេសចរណ៍ ដើម្បីបង្កើន និងបង្កើត ក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម ពិសេសក្រុងកំពង់ចាមទាំងមូល ។

          ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លងក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម ពោលគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យកាន់តែច្រើនថែមទៀត ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 

         ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលខេត្តព្រៃវែង, តំណាងរដ្ឋបាលខេត្តក្រចេះ, តំណាងរដ្ឋបាលខេត្តស្វាយរៀង រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ, យុវជន, លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

          ថ្លែងក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។ 

               ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ ។

               ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​ ៕

០២ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17604529155566.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៥

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។

          ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។

          ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។

              ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៍មានតំលៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួយជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។

              ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕

០៥ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17618628349338.jpg

ព័ត៌មានថ្នាក់ខេត្ដ

៤៦

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន

(កំពង់ចាម​):
         លោក រី ដាវិន អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​។ ជាគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា​ផងដែរ​។ ការថ្លែងបែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល​ ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ​ ។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា។

ជាចុងក្រោយ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ ៕

៣១ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17627311429731.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៩

រដ្ឋបាលខេត្តកំពង់ចាម​ រៀបចំប្រារព្ធរំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​កំណេីត​កងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥
ខេត្តកំពង់ចាម ៖
       
           ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧២ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​វិមានឯករាជ្យ​ ​ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​។ 

          ស្ថិតក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និង របបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ​ ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

          ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្ត​ថា​ ​ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ​ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល ៧​២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ​។

         ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្តេជ្ញាចិត្ត​ ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងបន្ថែមទៀត។

          គោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ព្រះបារមីដ៏ ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុងមួយក្នុងការដោះស្រាយបញ្ហាជាតិជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

          បន្តរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើម ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ប្រឆាំងនឹងការឈ្លានពានពីបរទេស​ ៕

១០ វិច្ឆិកា ២០២៥

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd